ពលរដ្ឋខ្មែរ ជាពិសេសស្រ្តីមេផ្ទះតែងមានទម្លាប់ទិញថ្នាំពេទ្យមួយចំនួន ទុកនៅផ្ទះសម្រាប់បង្ការក្រែងលោមានជំងឺដង្កាត់នៅពេលយប់ព្រលប់ដោយចៃដន្យ។ជាទូទៅប្រភេទថ្នាំទាំងនោះទិញដោយមិនចាំបាច់មានវេជ្ជបញ្ជាទេ ដូចជា ស៊ីរ៉ូក្អកកូនក្មេង ថ្នាំបញ្ចុះកម្តៅ ថ្នាំប្រឆាំងអាលែហ្សី ដែលអាចរក្សាទុកនៅតាមផ្ទះបានជាច្រើនឆ្នាំ។
នេះជាគឺទម្លាប់ល្អមួយ តែទោះជាយ៉ាងណាតើប្រិយមិត្តដឹងទេថា គ្រប់ប្រភេទថ្នាំទាំងអស់គឺ សុទ្ធតែមានកាលបរិច្ឆេទប្រើប្រាស់ជាក់លាក់ និងមានគោលការណ៍ណែនាំអំពីការរក្សាទុកថ្នាំទាំងនោះ។ ទំព័រសុខភាព Kanha ថ្ងៃនេះនឹងបង្ហាញពីរបៀបទុកដាក់ថ្នាំឲ្យមានសុវត្ថិភាព ដែលណែនាំដោយអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH ។
របៀបរបប និងកន្លែងដែលល្អសម្រាប់រក្សាទុកថ្នាំ៖
១. រៀបចំឲ្យមានរបៀបរៀបរយ
២. ធ្វើបញ្ជី និងដាក់តាមប្រភេទថ្នាំដែលអ្នកមាន ដោយធ្វើវាយ៉ាងហោចណាស់រៀងរាល់ ៣ទៅ ៦ខែម្តង
៣. រក្សាទុកថ្នាំវីតាមីន និងថ្នាំទូទៅនៅក្នុងកន្លែងដែលត្រជាក់ ស្ងួត ដូចជា ក្នុងថតទូ និងទូចាន
៤. ទុកដាក់ថ្នាំឲ្យនៅឆ្ងាយពីការប៉ះពាល់ផ្ទាល់ជាមួយនឹងពន្លឺព្រះអាទិត្យ កម្តៅ ឬចំហាយ
៥. រក្សាតែថ្នាំណាដែលបានណែនាំឲ្យទុកក្នុងទូទឹកកកតែប៉ុណ្ណោះដោយសារក្នុងទូទឹកកកអាចមានសំណើម
៦. បោះចោលថ្នាំមួយចំនួនដែលសល់ពីការព្យាបាលតាមវេជ្ជបញ្ជា

អាយុកាលរបស់ថ្នាំ និងការប្រើប្រាស់៖
១. ពិនិត្យមើលកាលបរិច្ឆេទផុតកំណត់នៅមុនពេលប្រើថ្នាំ
២. បោះចោលថ្នាំដែលផុតកំណត់ និងថ្នាំដែលគ្រូពេទ្យបានណែនាំឱ្យឈប់ប្រើ
៣. កុំលាយថ្នាំផ្សេងគ្នានៅក្នុងដបតែមួយ
៤. ថ្នាំដែលបានប្តូរពណ៌ មានស្នាមអុជៗ បែកជាបំណែក និងមានក្លិនប្លែកខុសពីធម្មតា អ្នកគួរតែបោះចោល មិនថាវាមិនទាន់ផុតកំណត់ការប្រើប្រាស់ក៏ដោយ ជាពិសេសប្រសិនបើថ្នាំទាំងនោះបានបើកកញ្ចប់រួចហើយ។
៥. ត្រូវធ្វើការត្រួតពិនិត្យ និងសម្អាតកន្លែងដាក់ថ្នាំរៀងរាល់ ៣ ខែម្តង

សុវត្ថិភាពចំពោះកុមារ៖
ដើម្បីសុវត្ថិភាពចំពោះកុមារ សូមមាតាបិតាអនុវត្តតាមការណែនាំខាងក្រោមនេះ៖
- សូមរក្សាថ្នាំឲ្យនៅខ្ពស់ និងផុតពីដៃក្មេង
- សូមប្រាកដថាថតដាក់ថ្នាំត្រូវបានចាក់សោជានិច្ច
- កុំទុកថ្នាំនៅលើតុចោលបន្ទាប់ពីការប្រើប្រាស់រួច
- ប្រាប់កូនរបស់អ្នកថា តើថ្នាំជាអ្វី? ពន្យល់ពួកគេឲ្យបានច្បាស់ពីមូលហេតុដែលមិនអនុញ្ញាតឱ្យលេបដោយខ្លួនឯង។
សូមចាំថា ការរក្សាទុកថ្នាំឱ្យបានត្រឹមត្រូវជារឿងដ៏ល្អបំផុត ដើម្បីការពារមិនឲ្យនរណាម្នាក់មានគ្រោះថ្នាក់ចំពោះសុខភាពដែលបណ្តាលមកពីការប្រើប្រាស់ដោយអចេតនា និងអាចជួយបញ្ឈប់ការប្រើប្រាស់លើសកម្រិតផងដែរ៕
No comments:
Post a Comment